លី ម៉ារីណា ភ័យ​ខ្លាច​ក្រោយ​ពេល​ភ្ជាប់​ពាក្យ, Photo



លី ម៉ារីណា ដែល​ជា​តារា​សម្តែង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​កាល​ពី​ថ្ងៃ​ទី​០៦ សីហា ២០១០​ ជាមួយ​បុរស​អាណិកជន​ខ្មែរ​​រស់​នៅ​សហរដ្ឋ​អាមេរិក​ដែល​មាន​វ័យ​ ៤០​ឆ្នាំ​ ដោយ​ប្រព្រឹត្តិ​ទៅ​នៅ​ភោជនីយដ្ឋាន​ Lucky Star។​ កំពូល​បុរស​មហា​សំណាង​ដែល​បាន​មក​ថ្នាក់ថ្នម​ប្រលោម​បមបី​​​ស្រី​ស្រស់​ លី ម៉ារីណា​ នេះ​ គឺ​មាន​ឈ្មោះ​ថា សាត ចាន់ថន​ មាន​មុខរបរ​ជា​បុគ្គលិក​ធ្វើ​ការ​នៅ​កាស៊ីណូ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​ និង​ស្គាល់​គ្នា​តាម​រយៈ​ឃើញ​ លី ម៉ារីណា​ ទៅ​សម្តែង​នៅ​ទី​នោះ​កាល​ពី​ ១​ឆ្នាំ​មុន។

ជួប​ជាមួយ​ "ធម្មជាតិ” លី ម៉ារីណា បាន​និយាយ​ទាំង​ក្តី​រំភើប​រីករាយ​លាយឡំ​និង​ក្តី​ភ័យ​ព្រួយ​ក្នុង​ចិត្ត​ផង ​ដែរ​ថា​ "ខ្ញុំ​បាន​ស្គាល់​លោក​ សាត ចាន់ថន​ ជាង​មួយ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ការ​ស្វែង​យល់​ចិត្ត​គ្នា​ដោយ​ការ​ជួប​មុខ​​​ផ្ទាល់​ គឺ​មិន​សូវ​មាន​ពេល​ច្រើន​នោះ​ទេ​ គឺ​ស្វែង​យល់​ចិត្ត​គ្នា​តាម​រយៈ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ។​ ជា​ការពិត​ការ​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​កសាង​​អនាគត​ជា​លើក​ទី​២​នេះ​ គឺ​យើង​មាន​ការ​ព្រមព្រៀង​រវាង​ចាស់​ទុំ​ទាំង​សង​ខាង​ ហើយ​បងប្អូន​ឪពុក​ម្តាយ​ខាង​ខ្ញុំ​ ក៏​មាន​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ទៅ​លើ​គូ​ដណ្ដឹង​របស់​ខ្ញុំ​ដែរ​ ទើប​សម្រេច​ចិត្ត​ឲ្យ​មាន​ពិធី​នេះ​ឡើយ៕"

ពេល​ "ធម្មជាតិ​” ចោទ​ជា​សំណួរ​ថា​ តើ​គូ​ដណ្ដឹង​របស់​ ម៉ារីណា (សាត ចាន់ថន)​ គាត់​មាន​គុណសម្បត្តិ​ ឬ​ក៏​ជា​មនុស្ស​ប្រភេទ​ណា​ដែរ​ ទើប​នាង​សម្រេច​ចិត្ត​ភ្ជាប់​ពាក្យ​​បែប​នេះ​?​ លី ម៉ារីណា ឆ្លើយ​យ៉ាង​រហ័ស​ថា​ រយៈពេល​កន្លង​មក​ដែល​ខ្ញុំ​ស្គាល់​គាត់​ គឺ​គាត់​ជា​មនុស្ស​មាន​អត្តចរិត​ស្លូតបូត​ សុភាពរាបសារ​ គោរព​ស្រឡាញ់​ខ្ញុំ​ ស្រឡាញ់​គ្រួសារ​ខ្ញុំ​ និង​ចេះ​យល់​ចិត្ត​​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ និង​ព្រម​ទាំង​សារភាព​ក្តី​ស្នេហ៍​បើក​បេះដូង​ព្រម​ទទួល​យក​គាត់​ជា​អនាគត​ ស្វាមី​ទៅ​ថ្ងៃ​ខាង​មុខ​។

លី ម៉ារីណា និយាយ​ទៀត​ថា​ ចំពោះ​ថ្លៃ​បណ្ណាការ​​ដែល​ខាង​គូ​ដណ្តឹង​ជូន​មក​ខ្ញុំ​ គឺ​ខ្ញុំ​មិន​អាច​បង្ហើប​ប្រាប់​បាន​ទេ​ ប៉ុន្តែ​ចំពោះ​ចិញ្ចៀន​ពេជ្រ​ និង​ខ្សែ​ដៃ​ដែល​គាត់​បំពាក់​ជូន​ខ្ញុំ​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ​នោះ​ គឺ​មាន​តម្លៃ​ប្រហែល​ជា​ ១​ម៉ឺន​ដុល្លារ​អាមេរិក។​ ចំពោះ​គម្រោង​រៀប​មង្គលការ​ គឺ​ខ្ញុំ​មិន​ទាន់​គិត​គូរ​នៅ​ឡើយ​ទេ​ ព្រោះ​នៅ​សិក្សា​ស្វែង​យល់​ចិត្ត​គ្នា​ឲ្យ​បាន​យូរ​បន្តិច។​

នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​របស់​នាង​បែប​ស្ងាត់​ៗ​ ត្រូវ​បាន​ លី ម៉ារីណា​ និយាយ​ថា​ ខ្ញុំ​មិន​ហ៊ាន​ធ្វើ​ឲ្យ​អធិកអធម​​ធំ​ដុំ​ ឬ​ក៏​ហៅ​មិត្តភ័ក្ដិ​ឲ្យ​ច្រើន​នោះ​ឡើយ​​​ ព្រោះ​ខ្ញុំ​គិត​ថា​ រំខាន​ដល់​ពួក​គេ​ គឺ​អញ្ជើញ​តែ​មិត្តភ័ក្ដិ​ជិត​ស្និត​ដប់​ម្ភៃ​នាក់​ប៉ុណ្ណោះ​ ចាំ​ដល់​ថ្ងៃ​រៀប​មង្គលការ​ ចាំ​ហៅ​ឲ្យ​ច្រើន​គ្នា​តែ​ម្តង​។​

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ ថ្វីត្បិត​តែ​ពិធី​ភ្ជាប់​ពាក្យ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក្តី​ ក៏​ លី ម៉ារីណា ហាក់​មិន​បាន​ស្ងប់​ចិត្ត​ស្ងប់​អារម្មណ៍​ និង​ត្រេកត្រអាល​​ពី​អនាគត​ថ្មី​ ដែល​ទើប​តែ​ដុះ​ពន្លក​នោះ​ឡើយ​។​

នាង​និយាយ​ទៀត​ថា​ ខ្ញុំ​ធ្លាប់​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ខ្ញុំ​ពើប​ប្រទះ​នូវ​ជីវិត​ ស្នេហា​លើក​ដំបូង​ ស្រមោល​អតីតកាល​នៅ​តែ​ដិតដាម​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​ជា​និច្ច​ ហើយ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ខ្លាច​ទៅ​លើ​ភាព​បរាជ័យ​ជា​លើក​ទី​២​ ទៅ​ថ្ងៃ​អនាគត។​ ខ្ញុំ​តែង​គិត​ថា​ នៅ​ថ្ងៃ​ខាង​មុខ​នឹង​អាច​មាន​អ្វី​កើត​ឡើង​ ព្រោះ​យើង​មិន​អាច​មើល​ឃើញ​ ដូច្នេះ​ថ្វី​ត្បិត​តែ​ខ្ញុំ​សម្រេច​ទទួល​យក​ស្នេហា​ជា​លើក​ទី​២​ ក៏​ពិត​មែន​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ជាប់​ជានិច្ច​ ព្រោះ​អ្វី​ដែល​ខ្ញុំ​ឆ្លង​កាត់​ គឺ​ជា​បទពិសោធន៍​ឃើញ​ស្រាប់។​

ទស្សនាវដ្ដី​ "ធម្មជាតិ"​ សូម​ចូល​រួម​អបអរសាទរ​ និង​ជូនពរ​ដល់​តារា​សម្ដែង​ លី ម៉ារីណា និង​គូដណ្តឹង​សូម​ឲ្យ​មាន​សុភមង្គល​ និង​ស្រឡាញ់​គ្នា​ជា​រៀង​រហូត​ ហើយ​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ឆាប់​ៗ​ដើម្បី​ឆាប់​បាន​កូន​ពរ​នឹង​គេ៕ ប្រភព​ដក​ស្រង់​ចេញ​ពី៖ ទស្សនាវដ្តី "ធម្មជាតិ”៕

Related Post